ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំ ស្តីពីការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៤

ខេត្តកណ្តាល៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំ ស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ២០២៣) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតី ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាសន៍ថា ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ជាច្រើន ជាពិសេស កម្មវិធីកំណែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ​រហូតទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរ ស្របទៅតាមកម្មវិធីកំណែទម្រង់ជាអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់ នៃកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដូច្នេះក្នុងនាមអង្គភាពដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ បានខិតខំគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ជូនរដ្ឋ ក្នុងនាមជំនួសមុខឱ្យរាជរដ្ឋាភិបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ រឿងសំខាន់នោះគឺចង់សំដៅដល់ការកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបែបបទ និងនីតិវិធីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំ ក្នុងន័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្ដសិទ្ធភាព និងគណនេយ្យភាព។

ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់មន្ដ្រីពាក់ព័ន្ធនៅថ្នាក់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទ្រព្យសម្បត្តិរដ្ឋ ពិសេសគឺដីរដ្ឋ ដែលពុំទាន់បានចុះក្នុងសៀវភៅបញ្ជីសាពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវយកមកចុះក្នុងបញ្ជី ដើម្បីឱ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីជៀសវាងការរំលោភកាន់កាន់ និងបាត់បង់ជាយថាហេតុ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សៀក សុភ័គ បានបញ្ជាក់ថា ជុំវិញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺមានកំណត់ជាច្បាប់គ្រប់គ្រងដែលតម្រូវឱ្យអាជ្ញាធរកាន់កាប់ និងអ្នកពាក់ព័ន្ធនិង អង្គភាពប្រើប្រាស់នេះជាសារពើភណ្ឌ ការរៀបចំបញ្ជីសារពើភណ្ឌ គឺសំខាន់ណាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យើងដឹងស្រាប់ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំណាយប្រចាំឆ្នាំ មានចំណាយលើសពីប្រាក់ខែបុគ្គលិកលើវិនិយោគទិញលើទ្រព្យ សម្បត្តិជាដើម បើសិនយើងរៀបចំមិនបានល្អទេ ការចំណាយក៏មិនបានល្អដែរ ហើយការប្រើប្រាស់នេះក៏ពាក់ព័ន្ធទៅដល់ ការរកចំណូលមកវិញ ជាមធ្យោបាយហើយមួយដើម្បីបង្កើនគុណភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម សៀក សុភ័គ បានបញ្ជាក់បនែ្ថមថា កន្លងមកអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់មួយចំនួន ពុំសូវផ្តល់តម្លៃទៅលើការគ្រប់គ្រងសារពើភ័ណ្ឌនេះទេ តាមពិតនេះជារឿងសំខាន់ពាក់ព័ន្ធនិងស្វែងរកថវិកា ព្រោះយើងគ្រប់គ្រងថវិកាប្រចាំឆ្នាំ គេត្រូវមើលទៀតថាត្រូវការ ថវិកាអីខ្លះ ព្រោះថវិកាប្រចាំឆ្នាំសំខាន់ណាស់។

តាមរបាយការណ៍របស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល លោកស្រី ខុន លក្ខិណា បានបង្ហាញថា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្តកណ្តាល សរុបមានចំនួន ១៧២អង្គភាព មានដីសរុបចំនួន ១,៣៨៦កន្លែង និងមានប័ណ្ណកម្មសិទ្ធិចំនួន ៨២០កន្លែង ស្មើនឹង ៥៩% និងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ មានចំនួន ៥៦៦កន្លែង ស្មើនឹង ៤១%។

ព័ត៌មានទាក់ទង