ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីបិទការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមីនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីបិទការប្រកាសដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិង ជាប្រធានគណៈកម្មាធិការនិងមានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់កាគ្រប់គងហិរញ្ញវត្ថុសាធារណៈថ្លែងក្នុងពិធីបិទការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤៖ “គណនេយ្យភាពសមិទ្ធកម្ម»

នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ខ្ញុំពិតមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ ការប្រកាសដាក់ឱ្យអនុវត្ត ដំណាក់កាលទី ៤ (ឆ្នាំ ២០២៣-២០២៧) ៖ «គណនេយ្យភាពសមិទ្ធកម្ម»នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ខ្ញុំសូមគាំទ្រពេញទំហឹង និង ប្តេជ្ញាគោរពអនុវត្តតាម

អនុសាសន៍ទាំង ៨ ចំណុច, ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ពុទ្ធិមុតស្រួច, និង ភាពឈ្លាសវៃ, ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច បានដាក់ចេញនៅក្នុងពិធីបើកកម្មវិធីរបស់យើងកាលពីព្រឹកមិញនេះ ។

ខ្ញុំសូមវាយតម្លៃខ្ពស់ និង កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងការដឹកនាំនិង ការអនុវត្ត ការងារកែទម្រង់ ប្រកបដោយស្មារតីសហការល្អ, ការទទួលខុសត្រូវខ្ពស់,និង បានធ្វើឱ្យការងារកែទម្រង់ដ៏លំបាកនេះ ទទួលបាននូវផលផ្លែផ្កាជាវិជ្ជមាន និង ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ។ ច្បាស់ណាស់ថា សមិទ្ធផលដ៏ត្រចះត្រចង់ ដែលទទួលបានជាបន្តបន្ទាប់ ក្នុងការកសាងខឿន ទី១, ទី២ និង ទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាមិនអាចកាត់ផ្តាច់បានពីការគាំទ្រ, ទាំងផ្នែកហិរញ្ញវត្ថុ និង

ផ្នែកជំនួយបច្ចេកទេស, ពីសំណាក់ដៃគូអភិវឌ្ឍន៍របស់កម្ពុជា បានឡើយ ។ ជាមួយនឹងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការគាំទ្រកន្លងមក, ខ្ញុំក៏ដាក់ក្តីរំពឹងខ្ពស់ចំពោះការបន្តផ្ដល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដល់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ដៃគូអភិវឌ្ឍន៍របស់យើង លើការជំរុញអនុវត្តដំណាក់ចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺ ដំណាក់កាលទី ៤ ៖ គណនេយ្យភាពសមិទ្ធិកម្ម» នេះ ។

ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យ, ការតាមដាន និង ការវាយតម្លៃ លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ-ដំណាក់កាលទី ៣ កន្លងទៅ, ទាំងក្នុងកម្រិតស្ថាប័នរដ្ឋាភិបាល និង ក្នុងកម្រិតកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍, ដោយប្រើប្រាស់ក្របខណ្ឌចំណាយសាធារណៈ និង គណនេយ្យភាពហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ (ឬហៅកាត់ថា PEFA) និង ឧបករណ៍ពិនិត្យឡើងវិញលើចំណាយសាធារណៈ (ឬហៅកាត់ថា PER) ព្រមទាំងតាមរយៈការត្រួតពិនិត្យលើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ (FMIS), យើងអាចសន្នដ្ឋានជារួមបានថា ៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាន និង កំពុង ស្ថិតលើមាគ៌ា និង ទិសដៅត្រឹមត្រូវ លើមូលដ្ឋាននៃអភិក្រមអនុវត្ត ដែលមានភាពប្រាកដនិយម ស្របតាមបរិបទកម្ពុជា ព្រមទាំងបានផ្តល់នូវលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ នៅតាមដំណាក់កាលនីមួយៗ ។ ជាមួយនឹងវឌ្ឍនភាពដ៏ប្រសើរទាំងអស់នេះ, ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ត្រូវបានពង្រឹងជាបន្តបន្ទាប់ ពោលគឺ ៖ កាន់តែមានភាពជឿទុកចិត្ត, ទាំងក្នុងទិដ្ឋភាពនការកៀរគរចំណូល ក៏ដូចជាក្នុងការគ្រប់គ្រងចំណាយថវិកា និង បំណុលសាធារណៈ; មានបុរលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានានូវគណនេយ្យភាពហិរញ្ញវត្ថុ; មានក្របខណ្ឌថវិកាកម្មវិធីកាន់តែច្បាស់លាស់ ជាឧបករណ៍សម្រាប់ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅទ្រទ្រង់ និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ជាពិសេស សម្រាប់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ; និងរឹតតែសំខាន់ថែមទៀត, មានមន្ត្រី ដែលកាន់តែមានសមត្ថភាពសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ដែលមានការយល់ដឹងកាន់តែខ្ពស់ឡើង សម្រាប់ចូលរួមអនុវត្តកម្មវិធីកែទម្រង់ ដើម្បីកសាងមូលដ្ឋានឆ្ពោះទៅកាន់«គណនេយ្យភាពសមិទ្ធកម្ម» ដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវ លើលទ្ធផលរបស់ស្ថាប័នសាធារណៈ និង មន្ត្រីរាជការ នៅក្នុងការប្រើប្រាស់ធនធានថវិការបស់ជាតិ ។

ដូចខ្ញុំធ្លាប់បានគូសបញ្ជាក់ជារឿយៗថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប៉ុណ្ណោះទេ, ប៉ុន្តែ ជាការងារដែលទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ក្នុងស្មារតីនេះ, ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នខិតខំកែលម្អផែការយុទ្ធសាស្ត្រថវិកា, ពង្រឹងគុណភាពថវិកាកម្មវិធី, សកម្មចូលរួមក្នុងការអនុវត្ត FMIS, ព្រមទាំងលើកកម្ពស់ការពង្រឹងគណនេយ្យភាព និង តម្លាភាពនៃការអនុវត្តថវិការបស់ខ្លួន ជាមួយនឹងការប្រឹងប្រែងពង្រឹងថែមទៀត នូវភាពដឹកនាំក្នុងកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័នរបស់ខ្លួន ។ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ, ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តពង្រឹងការរៀបចំ និង ការអនុវត្តថវិកាកម្មវិធី, ពង្រឹង

ប្រសិទ្ធភាពនៃការវិភាជន៍ថវិកា និង ពង្រឹងគណនេយ្យភាពថវិកាបន្ថែមទៀត ។ ជាមួយគ្នានេះ, រដ្ឋបាលរាជធានី-ខេត្ត ត្រូវត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំពុងរៀបចំធ្វើការសិក្សារួមគ្នា ហើយគ្រោងនឹងបញ្ចប់របាយការណ៍ សម្រាប់ដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ ២០២៤ ខាងមុខ ។

បន្ថែមលើនេះ, ខ្ញុំសូមទាក់ទាញការយកចិត្តទុកដាក់របស់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់, លើសកម្មភាពជាក់ស្តែងមួយចំនួន ដែលជាអាទិភាពខ្ពស់

នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៤ ដូចតទៅ៖

ទី១). បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន, ភាពជាអ្នកដឹកនាំ និង ប្រសិទ្ធភាពនៃការគ្រប់គ្រង, ភាពជាម្ចាស់ និង ឆន្ទៈ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ទាំងនៅតាមក្រសួង-ស្ថាប័ន និង នៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង

ហិរញ្ញវត្ថុ ជាមួយគ្នានេះ, ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ក្រសួង-ស្ថាប័ន ត្រូវរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពកែទម្រង់របស់ខ្លួន ជាប្រចាំខែ និង រៀបចំរបាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាស និងប្រចាំឆ្នាំ ឱ្យបានទាន់ពេល ។

ទី២). បន្តជំរុញការអនុវត្ត និង ការតាមដានលើការអនុវត្តផែនការសកម្មភាពលម្អិតសម្រាប់ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥»; យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥»; «យុទ្ធសាស្ត្រស្តី

ពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ឆ្នាំ ២០១៩-២០២៥»; «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ «ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាម FMIS; និង «យុទ្ធសាស្តីពីការអនុវត្ត

ស្ដង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ឆ្នាំ ២០២១-២០៣១» ដើម្បីឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ស្របតាមក្របខណ្ឌពេលកំណត់ ប្រកបដោយជោគជ័យ និង ចីរភាព ។

ទី៣). បន្តយកចិត្តទុកដាក់រៀបចំ និង កែលម្អគោលនយោបាយកៀរគរចំណូលសារពើពន្ធ និង មិនមែនសារពើពន្ធ ស្របតាមបរិបទសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីសារពើពន្ធ;

ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង ច្បាប់ស្តីពីការគ្រប់គ្រង, ការប្រើប្រាស់ និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ; ឱ្យបានចប់សព្វគ្រប់ ដើម្បីមានមូលដ្ឋានគតិយុត្តពេញលេញ និង គ្រប់ជ្រុងជ្រោយ សម្រាប់ធានាការអនុវត្តច្បាប់ទាំងនេះ ប្រកបដោយ

ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។

ទី៤). ជំរុញការរៀបចំនូវលិខិតបទដ្ឋានពាក់ព័ន្ធ សម្រាប់ធានាដល់ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈនេះ ទទួលបានការអនុម័ត និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត តាមនីតិវិធីជាធរមាន) ។

ទី៥). សហការជិតស្និទ្ធជាក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំបញ្ចប់នូវវិសោធនកម្មច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ។

ទី៦). ជំរុញការធ្វើស្វ័យប្រវត្តិកម្មពេញលេញ នៃការអនុវត្តថវិកាតាម FMIS និងធានាប្រសិទ្ធភាពនៃការប្រើប្រាស់ FMIS ឱ្យបានប្រសើរបំផុត ។

ទី៧). បន្តជំរុញការពិនិត្យ និង ការកែលម្អនីតិវិធីអនុវត្តថវិកា, ទាំងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ទាំងក្នុងក្របខណ្ឌក្រសួង-ស្ថាប័នជំនាញ, ដើម្បីឈានទៅ«អនុវត្តជាមូលដ្ឋាន» នូវ ថវិកាព័ត៌មានសមិទ្ធកម្ម ចាប់ពីឆ្នាំ ២០២៦ តទៅ ។

ទី៨). ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ លើការកែលម្អគុណភាព, ខ្លឹមសារ និង រចនាសម្ព័ន្ធកម្មវិធី, ក៏ដូចជារចនាសម្ព័ន្ធរដ្ឋបាល; ព្រមទាំងការកំណត់បន្ទាត់គណនេយ្យភាព ឱ្យច្បាស់លាស់ តាមកម្រិតនីមួយៗ នៃរចនាសម្ព័ន្ធកម្មវិធី និង រចនាសម្ព័ន្ធរដ្ឋបាល ។

ទី៩). ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញ ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការ និង កិច្ចសហការជិតស្និទ្ធ ដើម្បីកំណត់ និង ជំរុញអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ។ ជាមួយគ្នានេះ, ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកា, គ្រប់ក្រសួង-ស្ថាប័ន ត្រូវរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការរៀបចំ និង ការបង្កើតអង្គភាពថវិកា ដោយត្រូវធ្វើការត្រួតពិនិត្យលក្ខណៈសម្បត្តិអង្គភាពថវិកា និង ការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដោយផ្សារភ្ជាប់ជាមួយនឹងផែនការកសាងសមត្ថភាពផងដែរ

ទី១០). ជំរុញការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព តាមរយៈការផ្តល់សិទ្ធិអំណាចកាន់តែច្រើនដល់អ្នកអនុវត្ត ដែលក្នុងនោះ ថ្នាក់ដឹកនាំ ឬ ថ្នាក់គ្រប់គ្រងត្រូវមានតួនាទីទទួលខុសត្រូវចំពោះសមិទ្ធកម្មឬការត្រួតពិនិត្យលើលទ្ធផលនៃការអនុវត្ត,

ចំណែកការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ត្រូវធ្វើឡើងតាមរយៈការពង្រឹងមុខងារត្រួតពិនិត្យហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័នសាមី, មុខងារសវនកម្មផ្ទៃក្នុង និង មុខងារអធិការកិច្ចហិរញ្ញវត្ថុ ។

ទី១១). បន្តជំរុញរៀបចំ និង អនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម រវាងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញក្នុងកិច្ចការនេះ, អគ្គនាយកដ្ឋានថវិកានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបន្តគាំទ្រ និង បណ្តុះបណ្តាលបន្ថែម លើការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម ព្រមទាំងធ្វើការតាមដាន និង វាយតម្លៃ ជាប្រចាំ លើការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម ។

ទី១២). អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវជំរុញរៀបចំបញ្ចប់គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល និង របស់ក្រសួង-ស្ថាប័ន និង ក្របខណ្ឌរួមផែនទី

បង្ហាញផ្លូវ និង ផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ (ExpenditureArrears) ដើម្បីបង្កើនប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព នៅក្នុងការគ្រប់គ្រង និង ការអនុវត្តចំណាយថវិកា ។

ទី១៣). បន្តយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ទាំងផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ទាំងនៅតាមក្រសួង-ស្ថាប័ន និង ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ដើម្បីទ្រទ្រង់ដល់ការងារកែទម្រង់ផង និង ដើម្បីជំរុញប្រសិទ្ធភាព

នៃការអនុវត្តកិច្ចការប្រចាំថ្ងៃផង ។

ទី១៤). បន្តយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ឬហៅកាត់ថា SARMIS) និង ការរៀបចំបញ្ចប់ផែនការគោលសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។

ទី១៥). បន្តលើកកម្ពស់តម្លាភាពថវិកា ដូចមានកំណត់នៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២០២៣ ដែលទើបត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ជាការចាប់ផ្តើម, ក្រសួងធនធានទឹក និង ឧតុនិយម; ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍; ក្រសួងអប់រំ យុវជន និង កីឡា; និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា; ត្រូវមានភារកិច្ចរៀបចំវេទិកាសាធារណៈ អំពីការរៀបចំកញ្ចប់ថវិកាប្រចាំឆ្នាំ និង ការរៀបចំសៀវភៅថវិកាពលរដ្ឋ ស្របតាមការណែនាំដែលក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានផ្តល់ជូននាពេលថ្មីៗកន្លងទៅ ។

ទី១៦). បន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ លើគំនិតផ្ដួចផ្ដើមមួយចំនួន នៅក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន៖ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង, ការបញ្ជ្រាបយេនឌ័រក្នុងថវិកា,និង ការធ្វើពិពិធកម្មបំណុលសាធារណៈ, ពិសេស តាមរយៈការអភិវឌ្ឍមូលបត្ររដ្ឋ ។

ទី១៧). ជំរុញអនុវត្តផែនការសកម្មភាពលម្អិត និង យន្តការត្រួតពិនិត្យ និង តាមដានសម្រាប់ការអនុវត្តឯកសារ *ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មការកែទម្រង់៣ បូក ១» រួមមាន ៖ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ; កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋបាលសាធារណៈ និង កម្មវិធីកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ ។ភ្ជាប់ជាមួយអនុសាសន៍តម្រង់ទិសខាងលើ ក្នុងនាមសា្ថប័ននិម្មាបនករ, ខ្ញុំក៏សូម

ណែនាំដល់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើការសិក្សា និង រៀបចំក្របខណ្ឌវាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង-ស្ថាប័ន (Public Financial Management Assessment

Framework; PFMAF) ដើម្បីបម្រើឱ្យគោលបំណង ២ យ៉ាង ដូចខាងក្រោម ៖

ទី១ ដើម្បីគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអាចកំណត់បាន នូវភាពខ្លាំង និង ភាពខ្សោយ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង-ស្ថាប័ន សម្រាប់ជាមូលដ្ឋាននៃការតម្រង់ទិស និង ការដាក់ចេញនូវវិធានការកែលម្អចាំបាច់នានា ជាបន្តទៀត នៅក្នុងក្របខណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជារួម

ទី២ ដើម្បីក្រសួង-ស្ថាប័ន ដែលជាស្ថាប័នអនុវត្តថវិកា អាចទទួលបាននូវការយល់ដឹងជាក់លាក់អំពី ៖

(១). ស្ថានភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័នសាមី; និង (២). លំដាប់អាទិភាព និង ភាពប្រទាក់ក្រឡាគ្នា នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន (MAP) ជាមួយនឹងក្របខណ្ឌនផែនការសកម្មភាពរួម-ដំណាក់កាលទី ៤ (CAP-4) និង ទិសដៅជាក់ស្តែងនៃការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម នៅតាមក្រសួង-ស្ថាប័នរបស់ខ្លួន ។

មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការងារកទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃស្ថាប័នរាជរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារកែទម្រង់ និង សូម

លើកទឹកចិត្ត ឱ្យការចូលរួមនេះ មានភាពជាប់មិនដាច់ និង កាន់តែសកម្មខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។

ខ្ញុំក៏សូមអរគុណជាថ្មីម្ដងទៀត ចំពោះបណ្តាដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ការគាំទ្រចាំបាច់, ទាំងជាហិរញ្ញប្បទាន និង ជាជំនួយបច្ចេកទេស, ប្រកបដោយសុឆន្ទៈ និង ជានិច្ចកាល តែងតែបានលើកតម្កើង និង គោរពភាពជាម្ចាស់របស់កម្ពុជា ។ ខ្ញុំដាក់ការរំពឹងខ្ពស់ លើការបន្តនូវកិច្ចសហការ និង កិច្ចសហប្រត្តិការ ប្រកបដោយផ្លែផ្កានេះ កាន់តែសកម្មឡើងថែមទៀត នៅក្នុង ដំណាក់កាលទី ៤ ដ៏សារៈសំខាន់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។

ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ ជូនដល់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំពោះកិច្ចប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងក្នុងការសម្របសម្រួល និង ការជំរុញការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងសូមលើកទឹកចិត្តឱ្យបង្កើនការប្រឹងប្រែងកាន់តែខ្លាំងឡើងថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិ និង ប្រជាជនយើង ។ជាទីបញ្ចប់, ខ្ញុំសូមជូនពរឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, បានសមប្រកបនឹងពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ ៖ អាយុ, វណ្ណៈ, សុខៈ, ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ខ្ញុំសូមប្រកាសបិទ ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤ឆ្នាំ២០២៣
គណនេយ្យភាពសមិទ្ធកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលនេះ៕

ព័ត៌មានទាក់ទង