នាព្រឹកថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤៨ អាណត្តិទី៣ ក្រោមគណៈអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ថ្លែងថាក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានប្ដឹងតាមប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ដែលពាក្យបណ្ដឹងទាំងនោះភាគច្រើនផ្ដោតទៅលើការផ្ដល់សេវាសាធារណៈ របស់អាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដសប់ថ្នាក់បានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយបានយ៉ាងល្អប្រសើរនៅទូទាំងខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថាតាមរបាយការណ៍ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្ដាល ការិយាល័យប្រជាពលរដ្ឋ បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗ ចំនួន១៩ករណី។ បានសម្រុះសម្រួលដោះស្រាយបញ្ចប់ ចំនួន ៩ករណី និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ៣ករណី និងការផ្ដល់ព័ត៌មានត្រឡប់ តាមរយៈសារ អេឡិចត្រូនិក ចំនួន ៩ករណី។
កិច្ចប្រជុំនេះដែរ,មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត៕