នាថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (Driesmans Igor ) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ,ឯកឧត្ដម លោកជំទាវ តំណាងដៃគូរអភិវឌ្ឍន៍ , ឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងលោក លោកស្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ដ។
ផ្អែកលើវឌ្ឍនភាព ដែលបាននិងកំពុងលេចរូបរាងទ្បើងតាំងពី ដំណាក់កាលទី១ មកដល់ ដំណាក់កាលទី៤ នេះ យើងអាចវាយតម្លៃបានថាប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា កំពុងធ្វើដំណើរនៅលើវិថីនៃគន្លងឆ្ពោះទៅកាន់ស្ដង់ដា និងឧត្ដមានុវត្ដន៍អន្ដរជាតិ ដែលធានាបាននូវ ប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព ,តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ចនៃសកលលោក, ម្យ៉ាងទៀត ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាវិភាគទានចាំបាច់មិនអាចខ្វះបាន ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។