នាថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីប្រគល់ កុំព្យូទ័រ Laptop ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ចំនួន២៥ ក្នុងខេត្តកណ្តាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងប្រគល់ ទទួលកុំព្យូទ័រ Laptop នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា កុំព្យូទ័រ Laptop ដែលប្រគល់ជូនដល់រដ្ឋបាលឃុំ-សង្កាត់ គឺដើម្បីលើកកម្ពស់ និងការពង្រឹង សមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់រដ្ឋបាលឃុំ-សង្កាត់ ដែលទទួលបានកុំព្យូទ័រ Laptop នៅថ្ងៃនេះ ត្រូវខិតខំយកចិត្តទុកដាក់ ទៅលើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងប្រមូលចំណូលមិនមែនសារពើពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមចក្ខុវិស័យកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានចេញដំណើរដោយភាពជឿជាក់ និងជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បងរក្សាសុខសន្តិភាព ជំរុញកំនើនសេដ្ឋកិច្ចជាតិ ញាំងឲ្យជីវភាពប្រជាជនល្អប្រសើរ ប្រកបដោយចីរភាព និងបរិយាបន្ន។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានផ្តល់ជូនកុំព្យូទ័រ Laptop ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្តខេត្ត ដើម្បីគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ដែលជាកម្មវិធីកែទម្រង់អន្តរវិស័យគន្លឹះមួយ របស់រាជរដ្ឋាភិបាល។
តាមរយៈរបាយការណ៍របស់លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានឲ្យដឹងថា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឧបត្ថម្ភ កុំព្យូទ័រ Lab Top ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកណ្ដាល ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់។ ពិធីប្រគល់កុំព្យូទ័រ Laptopនេះ គឺជាលើកទី២ហើយ ដែលលើកទី១ បានផ្ដល់ជូនចំនួន ១២គ្រឿងដល់រដ្ឋបាលក្រុង-ស្រុក ហើយលើកទី២នេះ គឺបានផ្ដល់ជូនចំនួន ២៥គ្រឿង ជំហានទី១ ជូនដល់រដ្ឋបាលឃុំ-សង្កាត់ចំនួន ២៥ រួមមាន៖ ឃុំថ្មី, ឃុំរលាំងកែន, ឃុំបន្ទាយដែក, ឃុំសំរោងធំ, ឃុំកោះធំខ, ឃុំលើកដែក, ឃុំពោធិបាន,ឃុំកោះខ្សាច់ទន្លា, ឃុំស្វាយប្រទាល ឃុំត្រើយស្លា, ឃុំខ្ពប អាទាវ, ឃុំពាមរាំង, ឃុំសណ្តារ, ឃុំព្រះប្រសប់, ឃុំព្រែកតាមាក់, ឃុំកោះកែវ, ឃុំកោះរះ ,ឃុំសំបួរមាស, ឃុំរកាកោង១, សង្កាត់តាក្តុល, សង្កាត់រកាខ្ពស់, សង្កាត់បារុង, សង្កាត់ ពាមឧកញ៉ាអុង, សង្កាត់ជ្រោយតាកែវ និងសង្កាត់ព្រែកស្ដី ៕