ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល និងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦ សរ. ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាល ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦​ សរ. ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧​ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញជុំវិញខេត្តប្រមាណ ៤០រូប។

ដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ បានផ្តល់ទស្សនវិស័យរយៈពេលមធ្យមនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកំណត់អាទិភាពគោលនយោបាយរបស់រាជរដ្ឋភិបាល ព្រមទាំងនិន្នាការចំណូល និងចំណាយថវិកាជាតិ សម្រាប់រយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ ក៏ដូចជាផ្តល់នូវលំហថវិការួមសម្រាប់ដោះស្រាយតម្រូវការចំណាយរបស់ក្រសួង ស្ថាប័ន សម្រាប់រយៈពេលខ្លី និងមធ្យមរបស់ខ្លួន។​ ក្នុងន័យនេះ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម បានកំណត់នូវពិដានថវិកាជាកញ្ចប់រួមជាក់លាក់ដែលជាលទ្ធភាព ថវិការបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៥ ជាឆ្នាំទី១ និងសម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលអាចនឹងធ្វើការកែតម្រូវតាមការចាំបាច់នៅឆ្នាំបន្ទាប់ស្របតាមនិន្នាការប្រែប្រួលនៃបរិការណ៍សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងប្រទេស។ ជាមួយគ្នានេះ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក៏បានកំណត់ផងដែរអំពីលទ្ធភាពផ្នែកធនធាន និងអាទិភាពគោលនយោបាយចម្បងៗតាមវិស័យដើម្បីសម្រេចគោលដៅរួមរបស់រាជរដ្ឋាភិបាល ដែលការកំណត់នេះជាយន្តការពីលើចុះក្រោម ចំណែក ឯការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ដែលមន្ទីរ អង្គភាពជំនាញត្រូវរៀបចំនាពេលនេះគឺជាយន្តការពីក្រោមឡើងលើ។ យន្តការទាំងពីរនេះ គឺមានចាំបាច់មិនអាចខ្វះបានដើម្បីធានាឱ្យការរៀបចំច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំមានតុល្យភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែបានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជូនដល់លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលជាមន្ត្រីទទួលបន្ទុកការងារហិរញ្ញវត្ថុរបស់បណ្តាមន្ទីរ អង្គភាពជំនាញ ដើម្បីឱ្យការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងការរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់បណ្តាមន្ទីរ អង្គភាពជំនាញនីមួយៗបានត្រឹមត្រូវ និងទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូំសម្តែងនូវការកោតសសើរចំពោះ អគ្គនាយកដ្ឋានថវិកា និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន ជានិច្ចកាលតែងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៏សមត្ថភាពជូនមន្រ្តីរាជការនៃបណ្តាមន្ទីរ អង្គភាព និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត គោលការណ៏ណែនាំថ្មីៗ ដែលពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្ត។  ទន្ទឹមនេះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែមានទំនាក់ទំនងល្អ សម្របសម្រួលប្រកបដោយភាពទន់ភ្លន់ជាមួយ បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់នៅក្នុងខេត្ត។ ខ្ញុំសូមឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តរក្សាកិច្ចសហការដ៏ល្អប្រពៃនេះ ដើម្បីឱ្យការអនុវត្តការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្តកណ្តាល ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ព័ត៌មានទាក់ទង