ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០២៤

ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល និងលោកអនុប្រធានមន្ទីរ បានអញ្ជើញចូលរូមពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម  លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម  គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល  ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក១៣ និងអ្នកពាក់ព័ន្ធ។

ក្នុងរយៈពេល ០៥ឆ្នាំ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត (២០១៩-២០២៤)  រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងអនុវត្តស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយជោគជ័យ និងបន្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០), ផែនការអភិវឌ្ឍន៍រយៈពេល០៥ ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ព្រមទាំងបំពេញមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ក្រុមប្រឹក្សា សម្រេចបានលទ្ធផលលើគ្រប់ផ្នែក គ្រប់វិស័យ ក្នុងនោះ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយ​សង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានោះគណៈអធិបតី បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តកណ្តាល ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕

ព័ត៌មានទាក់ទង