ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន៣ភូមិក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០២៤

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក​ស្រ៊ុន ភារម្យ អនុប្រធានមន្ទីរ តំណាងលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិកណ្តាល និងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ថ្ងៃនេះគឺជាលើកទី២១៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិជ័យឧត្តម ឃុំសំរោងធំ ភូមិកណ្តាលក្រោម និងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ សរុបចំនួន ៤,១៦៣ប័ណ្ណ ដែលក្នុងនោះ៖ ភូមិជ័យឧត្តម ចេញប័ណ្ណបានចំនួន ១,២០៩ក្បាលដី ។ ភូមិកណ្តាលក្រោម ចេញប័ណ្ណបាន ១,៨៥៩ក្បាលដី និងភូមិកណ្តាល ចេញប័ណ្ណបាន ១,០៩៥ក្បាលដី។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋ នៅភូមិកណ្តាល និងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ នៃស្រុកកៀនស្វាយ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ ។ល។ ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នក កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល យកប្លង់ដី ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក ត្រូវការពារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ ដោយបន្តការខិតខំប្រឹងប្រែង​ សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ​ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនថ្នាក់ដឹកនាំ និងជូនប្រជាពលរដ្ឋ​ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍​ និងអ្នកវិនិយោគ​មកកាន់មូលដ្ឋានស្រុក​។ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លើការបង្រ្កាប​ ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន​ ល្បែងស៊ីសង​ ក្មេងទំនើង​ និងគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះ ត្រូវបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងនៃនេះមេឃុំ​ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ ស្មៀនឃុំ​ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ​ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។

ព័ត៌មានទាក់ទង