នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣,លោកកែវ សុគន្ធា តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
បានចូលរួមទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាព្រឹត្តិការណ៍ផ្តួចផ្តើមឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឲ្យប្រទេសជាសមាជិករៀបចំ នៅក្នុងអំឡុងខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតី យកចិត្តទុកដាក់ទប់ស្កាត់ ឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន។
ការប្រារព្ធទិវានេះ គឺជាឱកាសដ៏ប្រពៃ ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋខ្មែរ ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ៕