ជ្រើសរើសភាសា: Khmer Khmer English English

សូមស្វាគមន៍មកកាន់គេហទំព័រមន្ទីរ សហវ. ខេត្តកណ្ដាល

ខ្ញុំមានសេចក្ដីសោមន្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្ដមាន សម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ្ញ៉ា អ្នកឧកញ៉ា ឧកញ្ញ៉ា លោក លោកស្រី សិស្ស និស្សិត អ្នកវិនិយោគគិនក្នុងនិងក្រៅប្រទេស ដែលបានចូលមកកាន់គេហទំព័ររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកណ្ដាល។គេហទំព័រមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្ដកណ្ដាលត្រូវបានបង្កើតទ្បើងក្នុងគោលបំណងចូលរួមអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដំណាក់កាលទី៤​"គណនេយ្យភាពសមិទ្ធកម្ម"ក្នុងគោលបំណងចូលរួមលើកកម្ពស់តម្លាភាព, គណនេយ្យភាព, ការផ្ដល់សេវាសាធារណៈ ,ការចែករំលែកព័ត៌មាន, ការផ្សព្វផ្សាយអំពី​គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងកម្មវិធីអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន​​ជូនដល់សាធាណៈជនទូទៅ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាស​ដាក់ឱ្យអនុវត្ដដោយ​ ​​​សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​ ​​​​នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤ ដោយប្រកាន់ខ្ជាប់តាមអភិក្រមជាខឿន (Platform Approach) និង​បែង​ចែក​ជាបួនដំណាក់កាលរួមមានដំណាក់កាលទី១ ​"ការបង្កើនភាពជឿទុកចិត្ដនៃថវិកា"​​​ដោយផ្ដល់អទិភាពបន្ទាន់លើការងារពង្រឹងការប្រមូលចំណូលនិងការគ្រប់គ្រងចំណូល, ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់និងការកែលម្អនីតិវិធីនៃការអនុវត្ដថវិកា។ ស្របតាមគោលដៅនេះ​​​នៅក្នុង​​​ដំណាក់កាលទី១ រាជរដ្ឋាភិបាល បានដាក់ចេញនិងជំរុញការអនុវត្ដវិធានការជាច្រើនដែលនាំឱ្យសម្រេចដោះស្រាយបាននូវបញ្ហាបំណុលសាច់ប្រាក់និងកង្វះសាច់ប្រាក់។ ចំពោះដំណាក់កាលទី២ គោលដៅចម្បងគឺ"ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ"​​​ដោយផ្ដោតសំខាន់លើការរៀបចំ ការកែលម្អ ការពង្រឹងការកត់ត្រា និងការធ្វើរបាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុឱ្យបានកាន់តែត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត និងទាន់ពេលវេលា ស្របតាមស្ដង់ដារអន្ដរជាតិ តាមរយៈការអនុវត្ដប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលជា"ស្នូលនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល" ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ និងពិនិត្យតាមដាន កែលម្អចំណាត់ថ្នាក់ថវិកា វាយតម្លៃ ប្រមូលផ្ដុំ ផ្ទៀងផ្ទាត់ និងវិភាគសម្រាប់ការរៀបចំផែនការ ការៀបចំថវិកា ការធ្វើសម្រេចចិត្ដ ការពិនិត្យតាមដាន និងការរៀបចំរបាយការណ៍។ សម្រាប់ដំណាក់កាលទី៣ ​"ការផ្សារភ្ជាប់ថវិកាទៅនិងគោលនយោបាយ" ​រាជរដ្ឋាភិបាលបានបោះជំហាន​​​​ដ៏សំខាន់មួយថ្មីទៀត គឺការចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរប្រព័ន្ធថវិកាបច្ចុប្បន្ន ព្រមទាំងការចាប់ផ្ដើមពង្រឹង និងពង្រីកប្រព័ន្ធថវិកាកម្មវិធី​សាក​​ល្បងពេញលេញជាជំហានៗ  ទៅក្នុងចំណោម ក្រសួង-ស្ថាប័ន គ្រប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្ដើមពីឆ្នាំ២០១៥ ​រហូត​​​​​​មកដល់ឆ្នាំ២០២១ ស្របតាម "យុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥និងយុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥"ក្នុងគោលដៅបោះជំហានទៅកាន់ការកែប្រែប្រព័ន្ធថវិកាទាំងស្រុងពី"ប្រព័ន្ធដែលផ្ដោតលើធាតុចូលឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញឬលទ្ធផល"​​​​ឱ្យបាននៅឆ្នាំ២០២៥។ ដំណាក់កាលទី៤​"គណនេយ្យភាពសមិទ្ធកម្ម"ជាជំហានមួយ​ឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ចដែលជាស្នូលនៃយុទ្ធសាស្រ្ត​ចតុកោណនិងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតានិងប្រាកដនិយម ពោល​គឺកសាងប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យស្របតាមឧត្ដមានុវត្ដន៍អន្ដរជាតិ ដែលមានគោលដៅផ្លាស់ប្ដូរ "ប្រព័ន្ធដែលផ្ដោតលើធាតុចូលនិងមានលក្ខណៈមជ្ឈការ​"​​​​​​ឆ្ពោះទៅ "ប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល/សមិទ្ធកម្មនិងវិមជ្ឈការ" ស្របតាមស្ដង់ដា និងឧត្ដមានុវត្ដន៍អន្ដរជាតិ។

ក្នុងទស្សនវិស័យនេះកម្ពុជានឹងសម្រេចបានការកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាសាធារណៈមួយរឹងមាំ ដែលនឹងឈានទៅសម្រេចបាននូវ​លទ្ធផលចុងក្រោយទាំង៣​ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងនោះរួមមាន (១)បូរណភាពនៃការគោរពវិន័យថវិកា, (២)​ប្រសិទ្ធភាពនៃថវិកាទាំងក្នុងផ្នែកវិភាជន៍និងផ្នែកប្រតិបត្ដិការ និង (៣)ស័ក្តិសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ។ ក្នុងន័យនេះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកណ្ដាល នឹងក្លាយជាតួអង្គកាន់​តែសំខាន់ក្នុងនាមជាតំណាងឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្ដមុខងារ ភារកិច្ច​​ លើការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋ ​និងចំណូលមិនមែនសារពើន្ធ ការកៀគរការវិនិយោគ​ពី​ក្នុងនិងក្រៅប្រទេស​ ការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម​នៅថ្នាក់មូលដ្ឋានកាន់តែបុរេសកម្ម និងប្រកបដោយវិបុលភាព។

ជាចុងក្រោយ ខ្ញុំមានសេចក្ដីសង្ឃឹមនិងជឿជាក់ថាគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកណ្ដាល និងចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការផ្ដល់ជូនសាធារណៈជូននូវព័ត៌មានទិន្នន័យសំខាន់ៗពាក់ព័ន្ធនិងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ការវិនិយោគ នៅថ្នាក់ក្រោមជាតិ។

​​​​​​​​​​​​សូមអរគុណ!